នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្ដសៀមរាប សហការជាមួយក្រសួងផែនការ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងអង្គការយូនីសេហ្វប្រចាំកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលការគ្រប់គ្រងដោយផ្ដោតលើលទ្ធផល ដើម្បីគាំទ្រដល់ដំណើរការរៀបចំផែនការនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព លោក សុខ ថុល អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប លោក សរ កុសល ប្រធាននាយកដ្ឋានផែនការថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធជាច្រើនរូប។
លោក សុខ ថុល មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ដើម្បីឱ្យមន្ត្រីពាក់ព័ន្ធទទួលបានចំណេះដឹង វិធីសាស្ត្រ បច្ចេកទេស ឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការរៀបចំផែនការដោយផ្ដោតលើលទ្ធផលសម្រាប់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន (គណនេយ្យភាព ភាពជាម្ចាស់ និងបរិយាបន្ន) ដើម្បីចូលរួមចំណែក ក្នុងការសម្រេចបានគោលដៅអភិវឌ្ឍក្នុងឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាលក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់។
លោក សុខ ថុល រំពឹងថា ក្រោយចប់វគ្គបណ្តុះបណ្តាលនេះមន្ត្រីទាំងអស់ នឹងយកចំណេះដឹងទាំងនេះទៅអនុវត្តក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងរៀបចំផែនការសកម្មភាពវិស័យរបស់ខ្លួន បញ្ចូលក្នុងផែនការសកម្មភាពគាំពារ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលខេត្ដ (២០២៧-២០២៩)។ លោកក៏សូមថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអគ្គនាយកដ្ឋានផែនការនៃក្រសួងផែនការ ជាជំនួយផ្នែកបច្ចេកទេស ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច ដោយមានការគាំទ្រពីអង្គការយូនីសេហ្វដែលបានខិតខំប្រឹងប្រែង និងសម្របសម្រួលជាមួយអ្នកពាក់ព័ន្ធក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង។
លោក សរ កុសល លោកប្រធាននាយកដ្ឋានផែនការថ្នាក់ក្រោមជាតិ បានឱ្យដឹងថា នៅរដ្ឋបាលថ្នាក់ក្រោមជាតិបានចូលរួមអនុវត្ដការងារកម្មវិធីកំណែទម្រង់ជាច្រើនរបស់រាជរដ្ឋាភិបាលជាពិសេសការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលផ្ដល់សិទ្ធអំណាច មុខងារ និងធនធានដល់ថ្នាក់ក្រោមជាតិ។
លោកបន្ដថា ក្រសួងផែនការបានកែសម្រួលសកម្មភាពមួយចំនួននៅសេចក្ដីព្រាងផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ ដែលនឹងត្រូវដាក់ឱ្យក្រសួង ស្ថាប័ន អនុវត្ដក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ ដោយផ្អែកលើលទ្ធផល បញ្ហាប្រឈម នៅក្នុងការអនុវត្ដយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ ឱ្យមានភាពស៊ីចង្វាក់គ្នាជាមួយនឹងយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ លើការកំណត់លើបណ្ដាអាទិភាព សូចនាករសមទ្ធិកម្ម ក្របខណ្ឌពេលវេលាសម្រាប់ការអនុវត្ដ កំណត់យន្ដការសម្រាប់ការតាមដាន និងវាយតម្លៃផ្អែកលើក្របខណ្ឌលទ្ធផល និងការទទួលខុសត្រូវរបស់ក្រសួងស្ថាប័ន ទៅតាមវិស័យនីមួយៗ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៣០ និងឆ្នាំ២០៥០៕











