នាថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាព ជម្រុញការផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣.អនក្រ.បក របស់រាជរដ្ឋាភិបាលស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងអនុវត្តអោយបាន នូវបទបញ្ជាលេខ០១ បប របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការងារក្រុមលេខាធិកាដ្ឋានគ្រប់គ្រងជនបរទេសថ្នាក់ខណ្ឌ ដោយដាក់ទិសដៅនៅអំឡុងចុងខែ៣នេះ ត្រូវអនុវត្តការត្រួតពិនិត្យនិងសម្អាតដោយមិនអោយមានករណី(Scam Online)នៅក្នុងមូលដ្ឋានខណ្ឌ បានឡើយ។
នាឱកាសនោះ លោក ជិន ប៊ុនធឿន បានណែនាំឱ្យអាជ្ញាធរសង្កាត់ទាំង៧ ត្រូវអនុវត្តឱ្យបានម៉ឺងមាត់ម៉ត់ចត់ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋាន ជាពិសេស ពង្រឹងលើការគ្រប់គ្រងវត្តមានជនបរទេស ដែលស្នាក់នៅ បុរី ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ក្នុងភូមិសាស្រ្តខណ្ឌឱ្យបានល្អ ដោយធានាបានថា ជនបរទេសដែលស្នាក់នៅក្នុងមូលដ្ឋាន គឺសុទ្ធតែជាជនដែលស្នាក់នៅដោយស្របច្បាប់មិនមានបទល្មើស ជាពិសេស ត្រូវបោសសម្អាតមិនឲ្យមានដាច់ខាតបទល្មើសឆបោកអនឡាញ (Scam Online ) ក្នុងមូលដ្ឋានខណ្ឌ ដើម្បីផ្ដល់សន្តិសុខសុវត្ថិភាព ភាពកក់ក្តៅល្អប្រសើរដល់ប្រជាពលរដ្ឋ ។






















